ប្រធាន Horan: សួស្តី ខ្ញុំឈ្មោះ Diana Horan ជាប្រធានអង្គចៅក្រមនៃសាលាក្តីលំនៅឋាន។
Jorge: សួស្តី! ខ្ញុំឈ្មោះ Jorge Ghazal អនុប្រធានរដ្ឋបាលនៃសាលាក្តីលំនៅឋាន។
ប្រធាន Horan: វីដេអូនេះនឹងផ្តល់ទិដ្ឋភាពរួមមួយនៃនីតិវិធីសាលាក្តី និងធនធានខ្លះៗដែលមានសម្រាប់លោកអ្នកក្នុងសាលាក្តីរបស់យើង។ វីដេអូនេះត្រូវបានផ្តល់ជូនក្នុងគោលបំណងជាព័ត៌មានប៉ុណ្ណោះ ហើយគ្មានបំណងផ្តល់ដំបូន្មានផ្នែកច្បាប់ឡើយ។
Jorge: ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹងនីតិវិធីអំពីករណីរបស់លោកអ្នកនៅសាលាក្តី ឬអំពីធនធានដែលមានក្នុងសាលាក្តី សូមនិយាយជាមួយនរណាម្នាក់ក្នុងការិយាល័យរបស់ក្រឡាបញ្ជីនៃសាលាក្តី ឬស្នើសុំជួបនិយាយជាមួយអ្នកជំនាញខាងលំនៅឋានម្នាក់របស់យើង។ សូមអរគុណ។
ប្រធាន Horan: លោកអ្នកអាចស្ថិតនៅក្នុងសាលាក្តីថ្ងៃនេះសម្រាប់ ដំណើរការក្ដីនៅសាលាក្តីកំរិតទីមួយ ដែលគេស្គាល់ផងដែរថាជា ការសម្រុះសម្រួល។ ការសម្រុះសម្រួល ឬសន្ធានកម្ម គឺជាកិច្ចប្រជុំសម្ងាត់មួយដែលលោកអ្នក និងភាគីផ្សេងទៀតក្នុងករណីរបស់លោកអ្នក នឹងអង្គុយ ហើយពិភាក្សាអំពីករណីនេះជាមួយអ្នកជំនាញម្នាក់ខាងលំនៅឋានរបស់យើង។ ការសម្រុះសម្រួលក្នុងសាលាក្តីគឺឥតគិតថ្លៃពីគូភាគីទេ។ អ្នកជំនាញខាងលំនៅដ្ឋានធ្វើការនៅសាលាក្តី ទទួលបានការបណ្តុះបណ្តាលខាងច្បាប់ស្តីពីលំនៅឋាន និងច្បាប់ទាក់ទងនឹងលំនៅឋាន ហើយអព្យាក្រឹត មានន័យថា ពួកគេមិនការពារ ឬតំណាងឲ្យភាគីណាមួយឡើយ។
Jorge: នៅក្នុងការសម្រុះសម្រួល តួនាទីរបស់អ្នកជំនាញខាងលំនៅឋាន គឺត្រូវជួយភាគីនានាដោះស្រាយករណីរបស់ពួកគេ ហើយសម្រេចបានកិច្ចព្រមព្រៀងមួយដែលនឹងក្លាយជាដីកាតុលាការ។ ដំណើរការសម្រុះសម្រួលជាមួយអ្នកជំនាញខាងលំនៅឋាន គឺមានប្រយោជន៍សម្រាប់មូលហេតុជាច្រើន រាប់ទាំង វាជាវីធីមួយសម្រាប់ភាគីនានា គ្រប់គ្រងលទ្ធផលនៃការមិនព្រមព្រៀងរបស់ពួកគេ ដោយមានជំនួយអព្យាក្រឹតរបស់អ្នកជំនាញខាងលំនៅឋាន។ ប្រសិនបើភាគីទាំងនេះសម្រេចបានកិច្ចព្រមព្រៀងមួយ ពួកគេនឹងមិនចាំបាច់ឡើងតុលាការ ហើយឲ្យរឿងក្តីរបស់ពួកគេសម្រេចដោយចៅក្រមឡើយ។
ប្រធាន Horan: ប្រសិនបើការសម្រុះសម្រួលមិនបានជោគជ័យ ហើយភាគីទាំងនោះមិនអាចយោគយល់ព្រមព្រៀងគ្នាទេ សាលាក្តីនឹងរៀបចំពេលជំនំជម្រះក្តីនៅចំពោះមុខចៅក្រម ជាធម្មតាគេហៅថា ដំណើរការក្ដីនៅសាលាក្តីកំរិតទីពីរ។
ប្រធាន Horan: ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាទីមួយរបស់លោកអ្នកទេ ឬលោកអ្នកពិបាកធ្វើការទំនាក់ទំនងដោយគ្មានជំនួយ លោកអ្នកមានសិទ្ធិទទួលបានអ្នកបកប្រែផ្ទាល់មាត់ម្នាក់។ សាលាក្តីអាចផ្តល់ឲ្យអ្នកបកប្រែផ្ទាល់មាត់ម្នាក់ដល់លោកអ្នកដោយឥតគិតថ្លៃ។ ប្រសិនបើលោកអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ម្នាក់ វាសំខាន់ណាស់ដែលលោកអ្នកជូនដំណឹងមកក្រឡាបញ្ជី ឬបុគ្គលិកសាលាក្តី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅពេលស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់ សូមបញ្ជាក់ពីភាសាទីមួយរបស់លោកអ្នក។ សាលាក្តីផ្តល់សេវាកម្មបកប្រែសម្រាប់ភាសាច្រើន រាប់បញ្ចូលទាំង ភាសាសញ្ញាអាមេរិកាំង ឬ ASL ។
Jorge: សាររំឭកអន្តរកម្ម ឬហៅកាត់ថា ITR អនុញ្ញាតឲ្យបុគ្គលម្នាក់ចុះឈ្មោះដើម្បីទទួលបានការរំឭកតាមសារជាអក្សរអំពីព្រឹត្តិការណ៍សាលាក្តីដែលបានរៀបចំពេលរួចរបស់ពួកគេ។ ភាគីទាំងឡាយអាចចុះឈ្មោះសម្រាប់សេវាកម្មនេះដោយបញ្ជូនទម្រង់បែបបទមួយសម្រាប់សាររំឭកអន្តរកម្ម ដែលមាននៅលើអនឡាញ mass.gov ឬដាក់ដោយផ្ទាល់នៅការិយាល័យរបស់ក្រឡាបញ្ជី។ ខណៈនេះ សេវាកម្មនេះគឺជាការគួរសមប៉ុណ្ណោះ ហើយមិនជំនួសសេចក្តីជូនដំណឹងផ្លូវការរបស់សាលាក្តីទេ វាអាចជាឧបករណ៍មានប្រយោជន៍មួយក្នុងការរំឭកដល់លោកអ្នកអំពីកាលបរិច្ឆេទខាងមុខរបស់សាលាក្តី។ ការចុះឈ្មោះប្រើសេវាកម្មនេះគឺឥតគិតថ្លៃ ប៉ុន្តែអត្រាថ្លៃប្រើប្រាស់ទិន្នន័យ និងការផ្ញើសារអាចត្រូវបានអនុវត្ត។
Jorge: សាលាក្តីចុះផ្សាយកំណែអេឡិចត្រូនិកនៃ “បញ្ជីករណីប្រចាំថ្ងៃ” នៅលើទំព័រវេប mass.gov របស់ផ្នែកនីមួយៗ។ បញ្ជីអេឡិចត្រូនិកត្រូវបានធ្វើបច្ចុប្បន្នភាពជាញឹកញាប់ពេញមួយថ្ងៃ។
Jorge: សាលាក្តីផ្តល់ជូនការដាក់ឯកសារតាមអេឡិចត្រូនិក ដែលគេស្គាល់ផងដែរថា eFiling ។ ការធ្វើដូច្នេះអនុញ្ញាតឲ្យភាគីនានានៃករណីមួយធ្វើការដាក់ចម្លើយតបចំពោះការចោទប្រកាន់ ញត្តិ និងឯកសារនានាទៅសាលាក្តី ជាជាងការទៅកាន់ការិយាល័យរបស់ក្រឡាបញ្ជីដោយផ្ទាល់នៅសាលាក្តី។ ភាគីទាំងឡាយត្រូវតែចុះឈ្មោះ ហើយបង្កើតគណនីមួយសម្រាប់ eFiling ប៉ុន្តែការធ្វើដូច្នេះគឺឥតគិតថ្លៃទេ។ នៅពេលករណីមួយត្រូវបានបង្កើត ហើយមានលេខករណី (ឬលេខសំណុំរឿង) មួយ វាគឺឥតគិតថ្លៃ លើករណីភាគច្រើន ក្នុងការដាក់ឯកសារជាបន្តបន្ទាប់ទៀតចូលទៅក្នុងករណីដែលបាន eFiled ហើយ។ ដើម្បីស្វែងយល់អំពីរបៀបដែលលោកអ្នកអាច eFile សូមចូលទៅមើល mass.gov ។
ប្រធាន Horan: ប្រសិនបើលោកអ្នកមិនមានមេធាវី ហើយត្រូវការដំបូន្មានផ្នែកច្បាប់នៅថ្ងៃនៃព្រឹត្តិការណ៍របស់សាលាក្តីលោកអ្នក មេធាវីម្នាក់មកពី កម្មវិធីមេធាវីប្រចាំថ្ងៃ អាចទំនេរជួយលោកអ្នកបាន។ កម្មវិធីនេះមានមេធាវីស្ម័គ្រចិត្តដែលអាចរកបានដើម្បីផ្តល់ដំបូន្មានផ្នែកច្បាប់ ហើយជួយដល់ភាគីទាំងឡាយដែលគ្មានមេធាវីតំណាង។ ព័ត៌មានអំពីកម្មវិធីមេធាវីប្រចាំថ្ងៃ អាចរកបាននៅលើសន្លឹកព័ត៌មានពលរដ្ឋរបស់យើង ដែលផ្នែកនីមួយៗដាក់បញ្ចូលជាមួយសេចក្តីជូនដំណឹងអំពីព្រឹត្តិការណ៍សាលាក្តីដំបូងរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមិនមានមួយច្បាប់ទេ សន្លឹកព័ត៌មាននេះអាចរកបាននៅការិយាល័យរបស់ក្រឡាបញ្ជីនីមួយៗ ឬនៅលើ mass.gov ។
ប្រធាន Horan: កម្មវិធីការពារការជួល ឬហៅកាត់ថា TPP មានសម្រាប់អ្នកជួលដែលមានសិទ្ធិ ដូចជាអ្នកជួលទាំងឡាយណាដែលប្រឈមនឹងការបណ្តេញចេញដោយហេតុផលនានាទាក់ទងនឹងពិការភាព ឬការប្រើប្រាស់សារធាតុញៀន។ TPP មានមុខងារជាភាគីអព្យាក្រឹតមួយសម្រាប់ម្ចាស់ផ្ទះ/ដី និងអ្នកជួល។ ដោយមានការពិគ្រោះយោបល់ជាមួយសាលាក្តី TPP ធ្វើការជាមួយម្ចាស់អចលនទ្រព្យ និងអ្នកជួល ដើម្បីកំណត់ថាតើពិការភាពនេះអាចត្រូវបានសម្រួលបានដោយសមហេតុសមផល ហើយការជួលនោះនៅតែរក្សាឬការពារបាន។ ប្រសិនបើលោកអ្នកមានសំណួរណាមួយ ឬចង់បានព័ត៌មានបន្ថែម សូមសួរមកអ្នកជំនាញខាងលំនៅដ្ឋាន ឬសមាជិកម្នាក់នៃការិយាល័យរបស់ក្រឡាបញ្ជីក្នុងមូលដ្ឋានរបស់លោកអ្នក។
Jorge: សូមចាប់អារម្មណ៍ឲ្យមែនទែនចំពោះសេចក្តីជូនដំណឹងណាមួយរបស់សាលាក្តីដែលគេផ្ញើឲ្យលោកអ្នក។ ការជូនដំណឹងរបស់សាលាក្តីទំនងជាដាក់ព័ត៌មានសំខាន់ និងរសើបទាក់ទងនឹងពេលវេលា។ វាសំខាន់ដែលថា លោកអ្នកចូលរួមក្នុងគ្រប់ព្រឹត្តិការណ៍សាលាក្តីរបស់អ្នកដែលបានរៀបចំពេលរួច។ ប្រសិនបើលោកអ្នកមិនចូលរួម ឬបង្ហាញមុខនៅសាលាក្តី លោកអ្នកអាចចាញ់រឿងក្តីរបស់លោកអ្នក ហើយសាលាក្តីអាចកាត់ក្តី (ឬសម្រេច) ប្រឆាំងនឹងលោកអ្នក។ ប្រសិនបើមានគ្រាអាសន្ន ហើយលោកអ្នកមិនអាចទៅតាមកាលបរិច្ឆេទរបស់សាលាក្តីដែលបានរៀបចំពេលរួច ឬប្រសិនបើលោកអ្នកនឹងមកសាលាក្តីយឺត លោកអ្នកត្រូវតែជូនដំណឹងមកការិយាល័យរបស់ក្រឡាបញ្ជីភ្លាម។
ប្រធាន Horan: សាលាក្តីបើកទ្វារទទួលនរណាដែលស្វែងរកជំនួយពីសាលាក្តី។ ក្នុងនាមជាសមាជិកឬបុគ្គលិករបស់សាលាក្តី យើងប្តេជ្ញាចំពោះការគ្រប់គ្រប់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពនៃវិស័យយុត្តិធម៌ ក៏ដូចជា ដំណោះស្រាយនៃវិវាទទាំងឡាយប្រកបដោយយុត្តិធម៌ និងមិនលំអៀង។ ទំនុកចិត្ត និងភាពជឿជាក់របស់សាធារណជនមកលើសាលាក្តី គឺសំខាន់ណាស់ក្នុងការលើកកម្ពស់វិធាននៃច្បាប់។
Jorge: ក្រៅពីនេះ យើង សាលាក្តីប្តេជ្ញាចិត្ត មិនត្រឹមតែចំពោះការការពារសិទ្ធិ និងសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ប៉ុណ្ណោះទេ ថែមទាំងចំពោះការផ្តល់សេវាកម្មទាន់ចិត្ត និងប្រកបដោយភាពគួរសមដល់សាធារណជនទៀតផង។ ក្នុងន័យនេះ ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬជំនួយលើករណីរបស់លោកអ្នក សូមសុំស្ទាក់ស្ទើរក្នុងការទាក់ទងមកនរណាម្នាក់ក្នុងការិយាល័យរបស់ក្រឡាបញ្ជីរបស់យើង។ លោកអ្នកក៏អាចជួបនិយាយជាមួយអ្នកជំនាញម្នាក់របស់យើងខាងលំនៅឋានបានផងដែរ។
ប្រធាន Horan: យើងសង្ឃឹមថា លោកអ្នកបានយល់ឃើញថា ព័ត៌មានក្នុងវីដេអូនេះមានសារៈប្រយោជន៍។ សូមអរគុណ។
Contact
| Last updated: | December 9, 2024 |
|---|